រាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ — ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល (GGGI) និងធនាគារអភិវឌ្ឍន៍កូរ៉េ (KDB) នៅទីស្តីការក្រសួង ដើម្បីពិភាក្សាកិច្ចសហការក្នុងការអនុវត្តកម្មវិធីលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យាអាកាសធាតុនៅកម្ពុជា។
គំនិតផ្តួចផ្តើមនេះមានគោលដៅគាំទ្រសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ កៀរគរទុនវិនិយោគពីវិស័យឯកជន និងពង្រឹងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្មបៃតងរបស់កម្ពុជា។

ក្នុងជំនួបនេះ ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរយៈពេលជាច្រើនឆ្នាំរបស់សមភាគីទាំង២ ដោយលើកឡើងថា ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបំពេញតួនាទីរបស់ខ្លួន ដើម្បីធានាការសម្របសម្រួលស្ថាប័នឱ្យបានរឹងមាំ និងការអនុវត្តឱ្យមានប្រសិទ្ធភាព។
ឯកឧត្តមបានណែនាំអំពីការជ្រើសរើសសហគ្រាសក្នុងស្រុកសម្រាប់កម្មវិធីនេះ ដោយលើកឡើងថា៖ “ការអនុវត្តត្រូវមានភាពជាក់ស្តែងនិយម សមស្របតាមបរិការណ៍កម្ពុជា និងមានលក្ខណៈបត់បែន ដើម្បី សហគ្រាសក្នុងស្រុករបស់យើងមានលទ្ធភាពចូលរួម និងទទួលបានអត្ថប្រយោជន៍ពីមូលនិធិនេះដែរ។”

ឯកឧត្តមក៏បានណែនាំឱ្យភាគីអនុវត្តគម្រោង រៀបចំយន្តការអនុម័តការងារឆាប់រហ័ស ដើម្បីពន្លឿនការផ្តល់ហិរញ្ញប្បទាន និងទុនវិនិយោគដល់សហគ្រាសបានឆាប់រហ័ស និងបង្កើនប្រសិទ្ធភាពគម្រោងជារួម។
លោក Jaeseung Lee អនុប្រធានតំបន់អាស៊ី នៃវិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល បានលើកឡើងពីសក្តានុពលនៃកម្មវិធីនេះ និងសារសំខាន់នៃភាពជាដៃគូ ដោយបញ្ជាក់ថា៖ “យើងបានចំណាយពេលជិត ៥ ឆ្នាំក្នុងការរៀបចំកម្មវិធីនេះ ហើយយើងពិតជាអរគុណចំពោះភាពជាអ្នកដឹកនាំរបស់ក្រសួង រួមទាំងការរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការកម្មវធី និងការចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួងបរិស្ថាន និង វិទ្យាស្ថានអភិវឌ្ឍន៍បៃតងសកល។”

លោកបានរំលេចបញ្ហាប្រឈមដែលអាចកើតឡើងក្នុងការអនុវត្តគម្រោង រួមមានការជ្រើសរើសសហគ្រាសបច្ចេកវិទ្យាអាកាសធាតុ ការចូលរួមរបស់សហគ្រាសដឹកនាំដោយស្ត្រី និងទំនុកចិត្តវិនិយោគិន ដោយបន្ថែមថា៖ “ក្របខ័ណ្ឌប្រព័ន្ធការពារកម្មសិទ្ធិបញ្ញាដែលច្បាស់លាស់ និងរឹងមាំ មានសារសំខាន់ណាស់ ក្នុងការកំណត់ និងទាក់ទាញការវិនិយោគពីវិស័យឯកជន។”
ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឱ្យក្រុមការងារគម្រោង រក្សាភាពបត់បែន និងផ្តោតលើលទ្ធផល ដោយបញ្ជាក់ថា ក្រសួងនឹងគាំទ្រលើការការពារកម្មសិទ្ធិបញ្ញា និងជំរុញការផ្ទេរបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាព ដើម្បីធានាថាគម្រោងនេះនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងសម្រាប់សហគ្រាសកម្ពុជា។