រាជធានីភ្នំពេញ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ - សហគ្រិនខ្មែរ បានរៀបចំពិធីប្រគល់កញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុ ដល់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ចំនួន៦០ ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាល នៃសហគ្រិនខ្មែរ។ កញ្ចប់ជំនួយនេះត្រូវបានរៀបចំ ដើម្បីពង្រឹងប្រសិទ្ធភាពអាជីវកម្ម បង្កើនភាពប្រកួតប្រជែង និងពង្រីកឱកាសនាំចេញ សំដៅផ្តល់ការគាំទ្របន្ថែមដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដែលកំពុងរីកចម្រើនរបស់កម្ពុជា។

ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖ “តាមរយៈកម្មវិធីជាតិដ៏រឹងមាំ និងភាពជាដៃគូក្នុងស្រុក និងអន្តរជាតិដ៏ទូលំទូលាយ សហគ្រិនខ្មែរកំពុងផ្ដល់មធ្យោបាយជាឧបករណ៍ បណ្តាញទំនាក់ទំនង និងការគាំទ្រផ្នែកហិរញ្ញវត្ថុ ដែលធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ត្រូវការដើម្បីប្រកួតប្រជែងទាំងនៅទីផ្សារក្នុងស្រុក និងអន្ដរជាតិ។ បន្ថែមលើការផ្តល់ហិរញ្ញប្បទាន កញ្ចប់ជំនួយនេះដើរតួជាកាតាលីករ ដើម្បីបើកឱកាសឆ្ពោះទៅកាន់ការវិនិយោគឯកជន និងកិច្ចសហការកាន់តែស៊ីជម្រៅក្នុងប្រព័ន្ធអេកូឡូស៊ីធុរកិច្ច និងហិរញ្ញវត្ថុ។”

ចាប់តាំងពីឆ្នាំ២០២០ មក សហគ្រិនខ្មែរ បានដាក់ចេញកម្មវិធីរាប់រយ ដើម្បីលើកកម្ពស់សហគ្រិនភាពនៅទូទាំងប្រទេសកម្ពុជា រាប់ចាប់តាំងពីការប្រកួតប្រជែងផែនការអាជីវកម្មដែលជំរុញភាពច្នៃប្រឌិត ក្នុងចំណោមសិស្សនិស្សិត រហូតដល់វគ្គសិក្សាអភិវឌ្ឍសមត្ថភាព ដែលគ្របដណ្តប់លើប្រធានបទសំខាន់ៗ ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុ ការលក់ និងទីផ្សារ និងយុទ្ធសាស្ត្រនាំចេញ។ កម្មវិធីទាំងនេះត្រូវបានកែលម្អជាបន្តបន្ទាប់ ដើម្បីឆ្លុះបញ្ចាំងការវិវត្តនៃទិដ្ឋភាព អាជីវកម្មនាពេលបច្ចុប្បន្ន។ តាមរយៈព្រឹត្តិការណ៍ បណ្តាញទំនាក់ទំនងដែលភ្ជាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម ជាមួយវិនិយោគិន ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអាជីវកម្មសំខាន់ៗ សហគ្រិនខ្មែរ ធានាថាការគាំទ្រ របស់ខ្លួននៅតែមានភាពពាក់ព័ន្ធ មានការឆ្លើយតប និងស្របតាមតម្រូវការនៃប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដែល កំពុងរីកចម្រើន។

ឯកឧត្ដមបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជានាយកប្រតិបត្ដិ សហគ្រិនខ្មែរ បានបញ្ជាក់ កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពដ៏រឹងមាំ និងធន់នឹងវិបត្តិ ដោយលើកឡើងថា ជំនួយហិរញ្ញវត្ថុដោយផ្ទាល់ទាំងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់សហគ្រិនខ្មែរ ក្នុងការបង្កើនភាពប្រកួតប្រជែងអាជីវកម្ម និងពង្រីកលទ្ធភាពចូលទៅកាន់ទីផ្សារ។ ឯកឧត្តមបានបន្ថែមថា យុទ្ធសាស្ត្ររបស់ សហគ្រិនខ្មែរ ផ្តោតលើការកសាងភាពធន់របស់អាជីវកម្ម ឱ្យទប់ទល់បាននឹងសម្ពាធខាងក្រៅ ទន្ទឹមនឹងនោះគាំទ្រសហគ្រាសធុនតូចនិងមធ្យម ឱ្យចាប់យកឱកាសនៅក្នុងទីផ្សារថ្មីៗបន្ថែមទៀត តាមរយៈកញ្ចប់ជំនួយគោលដៅ និង គំនិតផ្តួចផ្តើមជាក់លាក់តាមវិស័យ។
សហគ្រិនខ្មែរ ដែលជាវេទិកាជាតិនិងផ្ដោតលើការជំរុញសហគ្រិនភាព នៅតែបន្តគាំទ្រការរីកចម្រើននៃធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យម នៅទូទាំងប្រទេសកម្ពុជា។ តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការបណ្តុះវិស័យ ឯកជនឱ្យរស់រវើកនិងស្វាហាប់ សហគ្រិនខ្មែរ ព្យាយាមពន្លឿនកំណើនអាជីវកម្ម និងជំរុញការច្នៃប្រឌិត។ គំនិតផ្ដួច ផ្ដើមទាំងនេះគាំទ្ររបៀបវារៈអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងវិបុលភាពជាតិរយៈពេលវែងរបស់រដ្ឋាភិបាល។
អំពីសហគ្រិនខ្មែរ
សហគ្រិនខ្មែរ ដែលជាបរធនបាលកិច្ចរដ្ឋាភិបាល មានការប្តេជ្ញាចិត្តក្នុងការជំរុញប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ប្រកបដោយភាពរស់រវើក និងនិរន្តរភាពនៅកម្ពុជា។ ជាមួយនឹងអាណត្តិក្នុងការប្រមូលផ្តុំវិនិយោគ និងគ្រប់គ្រងធនធាន សហគ្រិនខ្មែរ គាំទ្រអាជីវកម្មដែលជំរុញនវានុវត្ដន៍ និងបង្កើតតម្លៃសម្រាប់សេដ្ឋកិច្ចជាតិ។
ក្នុងនាមជាវេទិកាជាតិសម្រាប់ការអភិវឌ្ឍសហគ្រិនភាព សហគ្រិនខ្មែរផ្តោតលើវិស័យអាទិភាពចំនួន៤៖
● បច្ចេកវិទ្យាព័ត៌មានវិទ្យា និងគមនាគមន៍ - គាំទ្រធុរកិច្ចថ្មីផ្នែកបច្ចេកវិទ្យា ដើម្បីពន្លឿនបរិវត្តកម្មឌីជីថល។
● សេវាកម្ម - លើកកម្ពស់បដិសណ្ឋារកិច្ច និងភស្តុភារ ដើម្បីពង្រឹងវិស័យសេវាកម្មរបស់កម្ពុជា។
● កសិកម្ម - ជំរុញការកែច្នៃកសិផលសម្រាប់ការប្រើប្រាស់ក្នុងស្រុក និងការនាំចេញ។
● កម្មន្ដសាល - លើកកម្ពស់ការជំនួសការនាំចូលដើម្បីបង្កើនផលិតកម្មក្នុងស្រុក។