វេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និងកិច្ចសហការពាក់ព័ន្ធនឹងការអភិវឌ្ឍនវានុវត្តន៍»

សេចក្ដីប្រកាសព័ត៍មាន ថ្ងៃព្រហស្បតិ៍, ទី09 ខែ កញ្ញា ឆ្នាំ 2021

សេចក្តីប្រកាសព័ត៌មាន

ថ្ងៃព្រហស្បតិ៍  ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម        កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ       បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចូលរួមថ្លែងសុន្ទរកថាតាមប្រព័ន្ធអនឡាញក្នុងកម្មវិធីបើកវេទិកាលើកទី៩ ស្តីពី «ការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន និងកិច្ចសហការពាក់ព័ន្ធនឹងការអភិវឌ្ឍនវានុវត្តន៍»។ វេទិកានេះរៀបចំឡើងដោយក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់សាធារណរដ្ឋប្រជាមានិតចិន ក្រោមការគាំទ្រ និងសម្របសម្រួលរបស់មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន (CATTC) និងក្រុមការងារលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់អគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ ពិធីនេះមានការចូលរួមពីឯកឧត្តម លី ភីង (LI PING) ថ្នាក់ដឹកនាំបក្សរបស់ក្រសួងក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា របស់សាធារណរដ្ឋប្រជាមានិតចិន និងរដ្ឋមន្ត្រីអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

អង្គវេទិកាប្រព្រឹត្តទៅក្នុងគោលដៅចែករំលែកបទពិសោធន៍ និងសំណូមពរនានាលើកិច្ចសហការដើម្បីការអភិវឌ្ឍនវានុវត្តន៍សម្រាប់ឱកាស ក្នុងការអភិវឌ្ឍប្រកបដោយចីរភាពនាពេលអនាគត។ របៀបវារៈសំខាន់ចំនួន៣ ត្រូវបានរៀបចំឡើងជាអាទិ៍៖ វេទិកាលើកទី៣ នៃអ្នកវិទ្យាសាស្ត្រវ័យក្មេង អាស៊ាន+៣, ការតាំងពិព័រណ៍ចិន-អាស៊ានលើកទី១៨​ លើបច្ចេកវិទ្យាឈានមុខ និងការផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន។ 

សុន្ទរកថារបស់ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី បានរំលេចនូវវិស័យអាទិភាពនៃកិច្ចសហការដែលនឹងត្រូវអនុវត្តដើម្បីផលប្រយោជន៍រួមរបស់អាស៊ាន និងចិន។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី បានគូសបញ្ចាក់ពីសារៈសំខាន់នៃការរៀបចំគោលនយោបាយវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការគ្រប់គ្រងនវានុវត្តន៍ រួមទាំង បច្ចេកវិទ្យាសម្រាប់វិស័យអាទិភាពដូចជា​ កម្មន្តសាល បច្ចេកវិទ្យាព័ត៌មាន កសិកម្ម និងសុខាភិបាលជាដើម។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ទេសរដ្ឋមន្ត្រី ក៏បានបញ្ជាក់ថាវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីចូលរួមជាមួយប្រទេសជាសមាជិកអាស៊ានទាំងអស់ និងប្រទេសចិន ដើម្បីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំនិងគ្រប់គ្រងសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការបណ្ដុះធុរកិច្ចថ្មី និងការលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា។

វេទិកានេះមានរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី​០៩ ដល់ថ្ងៃទី១៣ ខែកញ្ញា​ឆ្នាំ២០២១។

ដោយ: អគ្គនាយកដ្ឋានកិច្ចការទូទៅ

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព