នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ភាគីពាក់ព័ន្ធក្នុងវិស័យទឹកស្អាតមកពីប្រទេសអូស្ត្រាលី និងកម្ពុជា បានជួបជុំគ្នានៅក្នុង “សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥” ក្រោមប្រធានបទ៖ ទឹកសម្រាប់និរន្តរភាពអនាគត។ សន្និសីទនេះត្រូវបានរៀបចំឡើងដើម្បីអបអរសមិទ្ធផលក្នុងវិស័យទឹកស្អាតនៅកម្ពុជា និងស្វែងរកដំណោះស្រាយនវានុវត្តន៍ សម្រាប់ការគ្រប់គ្រងវិស័យនេះប្រកបដោយនិរន្តរភាព។
ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និង ឯកឧត្តម Derek Yip ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើជាអធិបតីក្នុងពីធីបើកសន្និសីទ ដែលមានអ្នកចូលរួមប្រមាណ ៣០០នាក់ រួមមានអ្នករៀបចំគោលនយោបាយ អ្នកជំនាញក្នុងវិស័យទឹកស្អាត ដៃគូអភិវឌ្ឍន៍ ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាករទឹក ប្រតិបត្តិករទឹកស្អាតឯកជន និងប្រតិភូធុរកិច្ចមកពីប្រទេសអូស្ត្រាលី។
ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា៖“សន្និសីទនេះផ្តល់ជាវេទិកាដ៏សំខាន់មួយសម្រាប់ដោះស្រាយបញ្ហាប្រឈម, ជំរុញកិច្ចសហការ, និងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍និងភាគីពាក់ព័ន្ធ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងបទប្បញ្ញត្តិស្តីពីទឹកស្អាត, ចែករំលែកបទពិសោធន៍ និងបច្ចេកវិទ្យាទំនើបៗ សម្រាប់ការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទី៦របស់កម្ពុជា ពោលគឺសម្រេចបាននូវសាកលកម្ម និងសមធម៌ទឹកបរិភោគប្រកបដោយសុវត្ថិភាព និងថ្លៃសមរម្យនៅត្រឹមឆ្នាំ២០៣០ ទាមទារឱ្យមានការយកចិត្តទុកដាក់ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានក្រសួង-ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ គ្រឹះស្ថានហិរញ្ញវត្ថុ និងជាពិសេសប្រតិបត្តិករទឹកស្អាតឯកជន ដែលត្រូវបំពេញកាតព្វកិច្ចអាជ្ញាបណ្ណរបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ដើម្បីធានាការផ្តល់សេវាទឹកស្អាតដែលបំពេញតាមលក្ខខណ្ឌទាំងបួនគឺ៖ ទឹកស្អាតដែលមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។”
ឯកឧត្តម Derek Yip បានលើកឡើងពីភាពជាដៃគូរវាងអូស្ត្រាលី និងកម្ពុជា ដោយបញ្ជាក់ថា៖ “អូស្ត្រាលីកំពុងសហការជាមួយកម្ពុជា ដើម្បីផ្តល់ដំណោះស្រាយទឹកស្អាត ជំរុញនវានុវត្តន៍បច្ចេកវិទ្យា និងកសាងភាពធន់នឹងអាកាសធាតុ។ ដោយប្រើប្រាស់បទពិសោធន៍របស់អូស្ត្រាលីក្នុងវិស័យទឹកស្អាត និងជោគជ័យនៃកម្មវិធីរបស់យើងនៅកម្ពុជា យើងនឹងបន្តធ្វើការជាមួយកម្ពុជា សំដៅសម្រេចឱ្យបាននូវការផ្តល់សេវាទឹកស្អាតជាសកលនៅត្រឹមឆ្នាំ២០៣០។ ការគាំទ្ររបស់អូស្ត្រាលីក្នុងការរៀបចំសន្និសីទទឹកស្អាតកម្ពុជាលើកទឹ៥នេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តបន្តរបស់យើងចំពោះគោលដៅរួមនេះ។”
សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ ក៏បង្ហាញពីកិច្ចសហការរវាងសមាគមទឹកអូស្ត្រាលី (AWA) និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជាផងដែរ ដែលក្នុងនោះអ្នកជំនាញមកពីរដ្ឋាករទឹកអូស្ត្រាលី ក្រុមហ៊ុន បច្ចេកវិទ្យា និងស្ថាប័នសិក្សាស្រាវជ្រាវ នឹងចែករំលែកចំណេះដឹង ជំនាញ ព្រមទាំងស្វែងរកឱកាសសហការជាមួយសមភាគីកម្ពុជាបន្ថែមទៀត។
លោកស្រី Corinne Cheeseman នាយកប្រតិបត្តិនៃសមាគមទឹកអូស្ត្រាលី បានលើកឡើងថា៖ “សមាគមទឹកអូស្ត្រាលី និងសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា មានប្រវត្តិសហការដ៏ល្អ ដែលផ្តល់ជាផលវិជ្ជមានសម្រាប់សមាជិកសមាគមរបស់យើង។ តាមរយៈភាពជាដៃគូ និងការប្តេជ្ញាចិត្តរួមគ្នាចំពោះអនាគតវិស័យទឹកស្អាតប្រកបដោយនិរន្តរភាព យើងនឹងបន្តជំរុញនវានុវត្តន៍ កិច្ចសហការ និងការកសាងសមត្ថភាព ដែលផ្តល់ឱកាសដើម្បីចែករំលែកជំនាញ និងបទពិសោធន៍នៅក្នុងវិស័យទាំងមូល។”
ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បាននិងកំពុងសហការជាមួយដៃគូអភិវឌ្ឍន៍ រួមទាំងកម្មវិធី CAPRED របស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីរៀបចំបទប្បញ្ញត្តិស្តីពីការបង្កើតមូលនិធិអភិវឌ្ឍន៍ទឹកស្អាត ដែលនឹងផ្តល់ហិរញ្ញប្បទានដល់ទាំងរដ្ឋាករទឹក និងប្រតិបត្តិករទឹកស្អាតឯកជន។
លោក ឡេង ខៀវ ប្រធានសមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា បានលើកឡើងថា៖ “ប្រតិបត្តិករទឹកស្អាតឯកជនមានតួនាទីសំខាន់ក្នុងការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តដល់សហគមន៍ជនបទរបស់កម្ពុជា។ ប្រតិបត្តិករទាំងនេះត្រូវការការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញប្បទានបន្ថែមទៀត ដើម្បីពង្រីកប្រតិបត្តិការ និងកែលម្អគុណភាពសេវារបស់ខ្លួន។ សន្និសីទនេះគឺជាវេទិកាដ៏ល្អមួយ សម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។”
សន្និសីទ និងពិព័រណ៍ទឹកស្អាតកម្ពុជាលើកទី៥ មានស្តង់ពិព័រណ៍ចំនួន១៤ ដែលបង្ហាញពីបច្ចេកវិទ្យា និងដំណោះស្រាយទឹកស្អាត រួមជាមួយនឹងកម្មវិធីពិភាក្សាលើប្រធានបទជាច្រើន ដូចជាគោលដៅអភិវឌ្ឍន៍របស់កម្ពុជា, ការពង្រឹងភាពធន់នឹងអាកាសធាតុ, និងការពង្រីកលទ្ធភាពទទួលហិរញ្ញប្បទាន។ អ្នកជំនាញវិស័យទឹកស្អាតមកពីប្រទេសអូស្ត្រាលី និងកម្ពុជា នឹងធ្វើបទបង្ហាញបច្ចេកទេសស្តីពីការគ្រប់គ្រងហេថារចនាសម្ព័ន្ធទឹកស្អាត ការត្រៀមរៀបចំសម្រាប់ស្ថានភាពគ្រោះមហន្តរាយ ហើយនៅថ្ងៃទី៥ ខែធ្នូ អ្នកចូលរួមក៏នឹងមានដំណើរទស្សនកិច្ចទៅកាន់រោងចក្រផលិតទឹកស្អាតស្វាយរមៀតផងដែរ។
បច្ចុប្បន្ន កម្ពុជាមានប្រតិបត្តិករទឹកស្អាតឯកជនជាង ៤០០ ក្រុមហ៊ុន ដែលទទួលបានអាជ្ញាប័ណ្ណផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋចំនួន ៨១,៥% នៃភូមិក្រោមដែនអាជ្ញាប័ណ្ណសរុប ១០.៦៧៩ ភូមិ។ ប្រតិបត្តិករទាំងអស់បានចូលរួមផលិតប្រមាណ ៣៥% នៃទឹកស្អាតដែលបានផលិតសរុបចំនួន ៤០លាន ទៅ ៥០លានម៉ែត្រគូបក្នុងមួយខែ។ នេះបង្ហាញពីភាពចាំបាច់ក្នុងការពង្រីកសមត្ថភាពផលិតរបស់ប្រតិបត្តិករឯកជន ដើម្បីអាចសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ពោលគឺប្រជាពលរដ្ឋគ្រប់រូបទទួលបានទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងសមធម៌នៅត្រឹមឆ្នាំ២០៣០។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍