នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបជាមួយគណៈប្រតិភូ មកពីសមាគមអ្នកវិនិយោគចិននៅកម្ពុជា និងក្រុមហ៊ុន 86Links Co., Ltd.។
គណៈប្រតិភូបានបង្ហាញអំពីថ្នាលបច្ចេកវិទ្យា ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញអ្នកវិនិយោគ ដោយរួមបញ្ចូលទិន្នន័យតំបន់សេដ្ឋកិច្ចពិសេស និងសួនឧស្សាហកម្មនៅកម្ពុជា។ ថ្នាលនេះបំពាក់ដោយបច្ចេកវិទ្យាបញ្ញាសប្បនិម្មិតពហុភាសា, មានមុខងារអន្តរកម្ម ដូចជាផែនទីនិម្មិត, និងផ្តល់ព័ត៌មានសំខាន់ៗអំពីឱកាសវិនិយោគ ក្របខណ្ឌច្បាប់ និងព័ត៌មានឧស្សាហកម្ម។ គណៈប្រតិភូបានស្នើអនុវត្តថ្នាលនេះតាមផែនការបីជំហាន និងបានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រីទៅបំពេញទស្សនកិច្ចនៅប្រទេសចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី។
ឯកឧត្តម ហែម វណ្ណឌី បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនេះ និងបានលើកឡើងពីសក្តានុពលនៃថ្នាល
បច្ចេកវិទ្យាក្នុងការគាំទ្រកំណើនសេដ្ឋកិច្ច និងតម្រូវការគ្រប់គ្រងទិន្នន័យរបស់កម្ពុជា។ ឯកឧត្តមបានចាត់តាំងឱ្យក្រុមការងារជំនាញ វាយតម្លៃថ្នាលបច្ចេកវិទ្យានេះ ដែលអាចជាការបំពេញបន្ថែម ឬប្រទាក់ក្រឡាជាមួយប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (cdcIPM)។
ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញបរិយាកាសវិនិយោគអំណោយផល ការប្រើប្រាស់នវានុវត្តន៍បច្ចេកវិទ្យា និងការពង្រឹងទំនាក់ទំនងជាមួយប្រទេសចិន។ ឯកឧត្តមក៏បានស្នើឱ្យសមាគមខិតខំទាក់ទាញការវិនិយោគក្រៅប្រទេស ពីប្រទេសចិនមកកម្ពុជា ដោយលើកឡើងពីសក្តានុពលរបស់កម្ពុជា ជាទិសដៅឧស្សាហកម្មដ៏ប្រសើរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍