ក្រុងសៀមរាប ប្រទេសកម្ពុជា – នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បន្ទាប់ពីបានចូលរួមកម្មវិធីរត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្តលើកទី២៩។
នៅក្នុងជំនួបនោះ លោក Lu Wei ប្រធានក្រុមប្រឹក្សាភិបាលនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានរាយការណ៍ថា អាកាសយានដ្ឋាននេះបានទទួលស្វាគមន៍អ្នកដំណើរចំនួន ១,៣ លាននាក់ ក្នុងរយៈពេល១១ខែនៃឆ្នាំ២០២៤ ដោយរំពឹងថាចំនួនអ្នកដំណើរនឹងកើនឡើងដល់ ១,៤ លាននាក់នៅត្រឹមដំណាច់ឆ្នាំ និង ២ លាននាក់នៅក្នុងឆ្នាំ២០២៥។
លោកបានលើកឡើងពីកិច្ចខិតខំរបស់ក្រុមហ៊ុនក្នុងការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍នានា ដើម្បីទាក់ទាញភ្ញៀវទេសចរ ជាពិសេសភ្ញៀវទេសចរចិន។ លោកក៏បានថ្លែងអំណរគុណដល់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលបានគាំទ្រគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិនេះ ពិសេសការតបណ្តាញផ្គត់ផ្គង់ទឹកស្អាតជូនដល់អាកាសយានដ្ឋានបានយ៉ាងល្អប្រសើរ។
លោក Wei បានស្នើសុំកិច្ចសហការជាមួយក្រសួងលើគម្រោងអភិវឌ្ឍអភិវឌ្ឍតំបន់ជុំវិញ ដោយផ្តោតលើការទាក់ទាញឧស្សាហកម្មដែលបង្កើតតម្លៃបន្ថែមខ្ពស់។ លោកបានលើកឡើងថា ក្រុមហ៊ុន Yunnan Investment Group គ្រោងវិនិយោគបន្ថែមដើម្បីអភិវឌ្ឍអាកាសយានដ្ឋាន និងតំបន់ជុំវិញ។
ឯកឧត្តម ហែម វណ្ណឌី បានកោតសរសើរក្រុមហ៊ុនដែលបានសម្រេចចិត្តវិនិយោគរយៈពេលវែងនៅកម្ពុជា និងបានអបអរចំពោះកំណើនអ្នកដំណើរ។ ឯកឧត្តមបានបញ្ជាក់ការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងការគាំទ្រក្រុមហ៊ុន ដើម្បីទាក់ទាញទាំងភ្ញៀវទេសចរ និងឧស្សាហកម្មមកកាន់តំបន់នេះ។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖ "យើងចង់ឱ្យក្រុមហ៊ុនវិនិយោគ ទាំងតូច និងទាំងធំ ទទួលជោគជ័យ។ នៅពេលដែលឧស្សាហកម្មក្នុងស្រុករីកចម្រើន ការដឹកជញ្ជូនតាមផ្លូវអាកាសនឹងកើនឡើង ដែលនឹងជំរុញការអភិវឌ្ឍអាកាសយានដ្ឋាននេះ និងតំបន់ជុំវិញបន្ថែមទៀត។”
ឯកឧត្តមក៏បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការចែករំលែកព័ត៌មានសម្រាប់ការរៀបចំផែនការរួមគ្នា ពិសេសទាក់ទងនឹងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដូចជាការផ្គត់ផ្គង់ទឹកស្អាតជាដើម។
អាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មី ដែលមានចំងាយប្រមាណ ៥០ គីឡូម៉ែត្រពីទីក្រុងសៀមរាប ត្រូវបានបើកដំណើរការជាផ្លូវការក្នុងខែតុលា ឆ្នាំ២០២៣។ អាកាសយានដ្ឋាននេះមានសមត្ថភាពទទួលអ្នកដំណើររហូតដល់ ៧ លាននាក់ក្នុងមួយឆ្នាំ ដោយផ្តល់ជាច្រកចេញចូលដ៏ទំនើបមួយទៅកាន់តំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ រួមមានប្រាង្គប្រាសាទអង្គរវត្ត និងប្រាសាទបុរាណជាច្រើន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍