រាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០២៥ – ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់ នៃសាធារណរដ្ឋតូហ្គោ ដឹកនាំដោយ ឯកឧត្តម សាស្ត្រាចារ្យ Komlan Edo Robert DUSSEY រដ្ឋមន្ត្រីក្រសួងការបរទេស សមាហរណកម្មតំបន់ និងពលរដ្ឋតូហ្គោនៅក្រៅប្រទេស ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្ម។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី DUSSEY បានកោតសរសើរចំពោះកំណើនវិស័យឧស្សាហកម្ម និងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ដោយគូសរំលេចអំពីការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាមេរិកថា ជាគំរូសម្រាប់ប្រទេសតូហ្គោ។ ឯកឧត្តម DUSSEY បានលើកឡើងថា៖ "ដំណើរទស្សនកិច្ចនេះនឹងមិនគ្រប់ជ្រុងជ្រោយទេ ប្រសិនបើគណៈប្រតិភូយើងមិនបានជួបពិភាក្សាជាមួយក្រសួងឧស្សាហកម្មកម្ពុជា។ យើងមានបំណងស្វែងយល់អំពីកត្តាជោគជ័យរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគ និងជំរុញការនាំចេញ។”
ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនថា ការរីកចម្រើននៃវិស័យឧស្សាហកម្មកម្ពុជា ឈរលើមូលដ្ឋានគ្រឹះនៃសុខសន្តិភាព និងស្ថិរភាព ដែលសម្រេចបានក្នុងឆ្នាំ១៩៩៨ តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដែលបានបើកចំហសេដ្ឋកិច្ចសម្រាប់ការធ្វើពាណិជ្ជកម្មសកល បន្ទាប់ពីកម្ពុជាត្រូវបានដាក់ឱ្យនៅឯកកោ និងទណ្ឌកម្មសេដ្ឋកិច្ចជាច្រើនទសវត្សរ៍។ ឯកឧត្តមបានលើកឡើងថា កម្ពុជាបានផ្តល់អាទិភាពលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាផ្លូវថ្នល់ ស្ពាន និងបណ្តាញអគ្គិសនី នៅក្នុងដំណាក់កាលអភិវឌ្ឍន៍ដំបូងៗរបស់ខ្លួន ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្ម។
ឯកឧត្តមក៏បានជម្រាបជូនអំពីរបបវិនិយោគសេរី និងបើកចំហរបស់កម្ពុជា ដែលអនុញ្ញាតឱ្យមានកម្មសិទ្ធិពីបរទេស ១០០% ការធ្វើមាតុភូមិនិវត្តន៍ប្រាក់ចំណេញមូលធន ការលើកទឹកចិត្តផ្នែកពន្ធដារ និងភាពជាដៃគូវិស័យសាធារណៈ និងឯកជនដ៏រឹងមាំ ដូចជាសហហិរញ្ញប្បទានសម្រាប់ការបណ្តុះបណ្តាលជំនាញជាដើម។
កិច្ចពិភាក្សាក៏គ្របដណ្តប់លើយុទ្ធសាស្ត្រដែលកម្ពុជាប្រើសម្រាប់កសាងទំនាក់ទំនងល្អរវាងនិយោជក និងកម្មករ-និយោជិត តាមរយៈយន្តការនានា ដូចជាយន្តការប្រាក់ឈ្នួលអប្បបរមា និងគម្រោងរោងចក្រកាន់តែប្រសើរដែលផ្តួចផ្តើមដោយអង្គការ ILO។ កត្តាទាំងនេះបានធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ និងបង្កើនទំនុកចិត្តរបស់អ្នកវិនិយោគ។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការបរទេសតូហ្គោ បានទទួលស្គាល់សមិទ្ធផលរបស់ប្រទេសកម្ពុជា ដោយលើកឡើងថា អគ្គលេខាធិការរបស់អង្គការ ILO ដែលជាជនជាតិតូហ្គោ ក៏បានកោតសរសើរអំពីការកសាងទំនាក់ទំនងរវាងនិយោជក និងកម្មករ-និយោជិតនៅកម្ពុជាផងដែរ។
គណៈប្រតិភូបានជម្រាបជូនអំពីផែនទីបង្ហាញផ្លូវតំបន់សេរីតូហ្គោ (Togo Free Zone) ដែលផ្តោតលើឧស្សាហកម្មសំខាន់ៗ ដូចជាឧស្សាហកម្មយានយន្ត កសិ-ឧស្សាហកម្ម និងវាយនភណ្ឌ ដែលគាំទ្រដោយកំពង់ផែសមុទ្រ និងផែស្ងួត ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម។ គណៈប្រតិភូក៏បានស្នើឱ្យមានការរៀបចំកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយជាមួយកម្ពុជា។
ឯកឧត្តម ហែម វណ្ណឌី បានស្វាគមន៍ឱកាសក្នុងការបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសើការអភិវឌ្ឍឧស្សាហកម្ម និងជំរុញការវិនិយោគ។ ឯកឧត្តមបានលើកឡើងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល Francophonie នៅខេត្តសៀមរាបនៅឆ្នាំក្រោយ ដែលជាវេទិកាមួយទៀតសម្រាប់ការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍