គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បើកកិច្ចប្រជុំជំរុញវឌ្ឍនភាពរបៀបវារៈ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ជាតិ

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃអង្គារ, ទី13 ខែ ឧសភា ឆ្នាំ 2025

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ គណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានបើកកិច្ចប្រជុំ នៅទីស្តីការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិនិត្យវឌ្ឍនភាព និងកំណត់ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (វ.ប.ន.) របស់កម្ពុជា។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្រោមសហអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និង ឯកឧត្តម ​
សាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈប្រឹក្សាយោបល់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដោយមានការចូលរួមពីសមាជិកគណៈប្រឹក្សាយោបល់ និងអ្នកឯកទេសផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍  ដើម្បីវាយតម្លៃសមិទ្ធផលការងារ និងកំណត់អាទិភាពសម្រាប់អនាគត។

នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងពីសារៈសំខាន់​នៃការកៀរគរអ្នកវិទ្យាសាស្ត្រ។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើង​ថា៖ កម្ពុជាកំពុងត្រូវការអ្នកជំនាញផ្នែកវិទ្យាសាស្ត្រជាច្រើន ហើយកិច្ចប្រជុំនេះបាន​ប្រមូល​ផ្ដុំអ្នក​ជំនាញចម្រុះ​វិស័យ ​មក​ចូល​រួម​ជាមួយ​គ្នា ​ដើម្បី​ជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ឱ្យមានការ​រីកចម្រើន និងបម្រើដល់ការអភិវឌ្ឍ​ប្រទេស​ជាតិរបស់យើង។”

គណៈប្រឹក្សាយោបល់​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ មានសមាជិកជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រចំនួន ២៣ រូប ដែលមានចំណេះដឹងខ្ពស់ក្នុងវិស័យផ្សេងៗ ដូចជាវេជ្ជសាស្ត្រ អប់រំ សេដ្ឋកិច្ច និងព័ត៌មានវិទ្យាអនុវត្តជាដើម។  គណៈប្រឹក្សាយោបល់នេះដើរតួនាទីសំខាន់ ក្នុងការផ្តល់ប្រឹក្សាជូនដល់ក្រុមប្រឹក្សា ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើការរៀបចំគោលនយោបាយវិស័យ វ.ប.ន. និងការអភិវឌ្ឍស្ថាប័ន។

ដោយផ្តោតលើតម្រូវការនៃធនធានមនុស្ស ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឯកឧត្តមសាស្ត្រាចារ្យ បណ្ឌិត ឆែម គាតរិទ្ធី បានលើកឡើង​ថា​៖ “ដើម្បីរៀបចំវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ យើងត្រូវការធនធានមនុស្ស ហើយការអប់រំគួរតែដើរតួនាទីស្នូលក្នុងនោះ គ្រឹះស្ថានឧត្តមសិក្សាគួររៀបចំកម្មវិធីសិក្សាឱ្យសមស្រប ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នានៃការវិវត្តក្នុង​ឧស្សាហកម្ម។

ឯកឧត្តម​ក៏​បាន​ស្នើឱ្យ​មាន​ការ​បង្កើត​មជ្ឈមណ្ឌល​ផ្ទេរ​បច្ចេកវិទ្យា​ជាតិមួយ ​ដើម្បី​សម្រួល​ដល់​កិច្ចសហការ​រវាង​វិស័យសិក្សាស្រាវជ្រាវ​ និង​ឧស្សាហកម្មផងដែរ។

កិច្ចប្រជុំបានពិនិត្យសមិទ្ធផលសំខាន់ៗ រួមទាំងការរៀបចំនិងអនុវត្តផែនទីបង្ហាញផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០ ដែលជាឯកសារយុទ្ធសាស្ត្រ សម្រាប់ដឹកនាំដំណើរឆ្ពោះទៅការកសាងប្រព័ន្ធនវានុវត្តន៍ជាតិដ៏រឹងមាំមួយ។

កិច្ចប្រជុំក៏បានធ្វើបច្ចុប្បន្នភាពលើគំនិតផ្តួចផ្តើមសំខាន់ៗ ដូចជារបៀបវារៈស្រាវជ្រាវជាតិ ឆ្នាំ២០២៥ គម្រោង GO-SPIN និងការអភិវឌ្ឍផែនទីបង្ហាញផ្លូវបច្ចេកវិទ្យាវិស័យអប់រំ សុខាភិបាល កសិកម្ម ទេសចរណ៍ ឌីជីថល និងវិស័យថាមពល។

កិច្ចប្រជុំក៏បានសម្រេចរៀបចំសិក្ខាសាលា "អ្នកវិទ្យាសាស្ត្រក្នុងគោលនយោបាយ" ជាស៊េរី សំដៅផ្តល់ឱ្យអ្នកវិទ្យាសាស្ត្រនូវជំនាញចាំបាច់បន្ថែម លើជំនាញស្នូលរបស់ពួកគេ ដើម្បីរួមចំណែកក្នុងដំណើរការបង្កើតគោលនយោបាយឱ្យកាន់តែមាន​ប្រសិទ្ធភាព។

អនុសាសន៍ និងលទ្ធផលនៃការពិភាក្សារបស់គណៈប្រឹក្សាយោបល់ នឹងផ្តល់ជាធាតុចូលសម្រាប់របៀបវារៈនៃកិច្ចប្រជុំក្រុមប្រឹក្សាជាតិ វ.ប.ន. នាពេលខាងមុខ ព្រមទាំងតម្រង់មហិច្ឆតានៃការប្រើប្រាស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាកម្លាំងជំរុញកំណើនប្រកបដោយចីរភាព និងភាពប្រកួតប្រជែងជាសកលរបស់កម្ពុជា។

ដោយ: Soleak_Super_admin

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព