នៅក្នុងដំណើរទស្សនកិច្ច និងពិភាក្សាការងារនៅមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងសៀមរាប នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម បានលើកឡើងពីសារៈសំខាន់នៃការគាំទ្រ និងការកៀគរការចូលរួមពីវិស័យឯកជន ដើម្បីកំណត់សក្តានុពលផលិតកម្មនៅក្នុងខេត្តនីមួយៗ និងរៀបចំបង្កើតស្តង់ដារជាតិពាក់ព័ន្ធ ដែលឆ្លើយតបទៅនឹងស្ថានភាពសេដ្ឋកិច្ចជាក់លាក់របស់ខេត្ត។
ឯកឧត្តមបានចែករំលែកអំពីរបៀបវារៈជាអាទិភាពរបស់ក្រសួង និងមន្ទីរនៅទូទាំងប្រទេសសម្រាប់រាជរដ្ឋា ភិបាលអាណត្តិទី៧។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍស្តង់ដារជាតិមានសារៈសំខាន់ ខណៈដែល អាស៊ាននឹងចាប់ផ្តើមអនុវត្ត “ស្តង់ដារសុខដុមនីយកម្មអាស៊ាន” នៅឆ្នាំ២០២៥។ ផលិតផលដែលអនុលោមតាមស្តង់ដារទាំងនេះ នឹងមានលំហូរកាន់តែសេរីនៅក្នុងតំបន់ ប៉ុន្តែផលិតដែលមិនអនុលោមតាម ស្តង់ដារនឹងប្រឈមការលំបាកកាន់តែខ្លាំងក្នុងការប្រកួតប្រជែង ទាំងនៅទីផ្សារក្នុងស្រុក និងទីផ្សារតំបន់។
ឯកឧត្តមក៏បានលើកឡើងពីបច្ច័យរំពឹងទុកនៃការចាកចេញពីចំណាត់ថ្នាក់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) របស់កម្ពុជានៅឆ្នាំ២០២៩ ដោយសង្កត់ធ្ងន់ថា ស្តង់ដារជាតិនឹងមានតួនាទីកាន់តែសំខាន់ក្នុងការគាំទ្រចក្ខុវិស័យ ២០៣០ និង ២០៥០ របស់កម្ពុជា។ ឯកឧត្តមបានណែនាំឱ្យមន្ទីរទាំងបួន ជំរុញចលនា វិស័យឯកជនឱ្យចាប់យកស្ដង់ដារ ដើម្បីលើកកម្ពស់ភាពប្រកួតប្រជែងនៃផលិតផល សេវាកម្ម និងប្រតិបត្តិការរបស់ខ្លួន។
រហូតមកដល់បច្ចុប្បន្ន ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារប្រមាណ ១៧០០ រួមនឹងការអនុម័តស្តង់ដាថ្មីសម្រាប់ស្រាអង្ករកម្ពុជាផងដែរ។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍