កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ចាប់ផ្តើមនៅក្រុងសៀមរាប ប្រទេសកម្ពុជា

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃចន្ទ, ទី22 ខែ កក្កដា ឆ្នាំ 2024

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេង ជាព្រឹត្តិការណ៍អប់រំប្រចាំឆ្នាំ ដែលមានគោលដៅជំរុញការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្នែកវិទ្យាសាស្ត្រ ក្នុងចំណោមយុវជនដែលមានអាយុចាប់ពី១៣ ដល់ ១៥ ឆ្នាំ នៃ
ប្រទេសអាស៊ានបូកបី។ កម្មវិធីនេះ​បណ្ដុះយុវជនជំនាន់ក្រោយដែលមានចំណាប់អារម្មណ៍ក្លាយជាវិស្វករ និង​អ្នកវិទ្យាសាស្ត្រ​ ដោយត្រៀមពួកគេដើម្បីប្រឈមនឹងបញ្ហានាពេលអនាគត។

ថ្លែងក្នុងពិធីបើក ឯកឧត្តមបណ្ឌិត ញឹម ខេមរា ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖ «កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ បាននាំយកយុវជនវ័យក្មេងពីបណ្តាប្រទេសអាស៊ានបូកបី ដើម្បីចូលរួមសិក្សាស្វែងយល់ និងបង្កើតនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រនៅលើទឹកដីនៃខេត្តសៀមរាប។ កម្មវិធីនេះផ្តល់ឱកាសពិសេសមួយសម្រាប់​អ្នកដឹកនាំអនាគតរបស់យើង ដើម្បីឱ្យពួកគេបង្ហាញពីទេពកោសល្យ ផ្លាស់ប្តូរគំនិត និងសហការដោះស្រាយបញ្ហានៃការប្រែប្រួលអាកាសធាតុ។»

កម្មវិធីអាស៊ានបូកបី វិថីអ្នកវិទ្យាសាស្រ្តវ័យក្មេងលើកទី១០ ប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែកក្កដា ឆ្នាំ២០២៤ និងត្រូវបានរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយមជ្ឈមណ្ឌលអា
ស៊ាន+៣ សម្រាប់អ្នកដែលមានទេពកោសល្យក្នុងវិស័យវិទ្យាសាស្ត្រ (
ACGS) ។ ប្រធានបទឆ្នាំនេះ គឺ “ការប្រជែងនឹងការប្រែប្រួលអាកាសធាតុ” បង្ហាញពីតម្រូវការបន្ទាន់នៃដំណោះស្រាយនវានុវត្តន៍ សម្រាប់បញ្ហាដ៏ធំបំផុតមួយរបស់ពិភពលោក គឹការប្រែប្រួលអាកាសធាតុ។

លេខាធិការដ្ឋានអាស៊ានបានបន្តគាំទ្រដល់សកម្មភាពទាំងឡាយនៃកម្មវិធីនេះ ដែលស្របតាមចក្ខុវិស័យរបស់សមាគមន៍អាស៊ានឆ្នាំ២០២៥ សំដៅលើកកម្ពស់សហគមន៍មួយដែលមានភាពប្រកួតប្រជែង នវានុវត្តន៍ និងជវភាព ជាមួយនឹងកំណើនផលិតភាពដ៏រឹងមាំ។

លោកស្រីបណ្ឌិត Kanchana Wanichkorn ប្រធានផ្នែកអភិវឌ្ឍន៍វិស័យនៃលេខាធិការដ្ឋានអាស៊ាន បានលើកឡើងថា៖ «កម្មវិធីឆ្នាំនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកអាស៊ាន និងប្រទេសអាស៊ានបូកបី។ វា   ផ្តល់ជាវាទិកាមួយសម្រាប់ឱ្យយុវជនដែលមានទេពកោសល្យ បានមកជួបជុំគ្នា និងសហការនៅក្នុងវិស័យវិទ្យា    សាស្ត្រ និងបច្ចេកវិទ្យា ដោយលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ ដើម្បីត្រៀមពួកគេឱ្យក្លាយជាវិស្វករ និងអ្នកវិទ្យាសាស្ត្រដែលពោរពេញដោយសមត្ថភាពនាពេលខាងមុខ»

លោកស្រីបានបន្តទៀតថា៖ «តាមរយៈការបណ្តុះស្មារតីចង់ដឹងចង់ឮ ការសហការ និងការប្តេជ្ញាចិត្តក្នុងការជំរុញ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា យើងចូលរួមជាមួយមជ្ឈមណ្ឌល ACGS ដើម្បីផ្តល់ភាពអង់អាចដល់សិស្ស គ្រូបង្រៀន និងសហគមន៍របស់យើង ឱ្យក្លាយជាភ្នាក់ងារដឹកនាំការផ្លាស់ប្តូរសម្រាប់បញ្ហាចាំបាច់របស់ពិភពលោក»

សាស្ត្រាចារ្យ Soo-Young Lee នាយកកម្មវិធីនៃមជ្ឈមណ្ឌល ACGS បានលើកឡើងថា៖ «ចាប់តាំងពីកម្មវិធីនេះត្រូវបានបង្កើតនៅក្នុងឆ្នាំ២០១០ មជ្ឈមណ្ឌល ACGS បានប្តេជ្ញាចិត្តរៀបចំកម្មវិធីចម្រុះសម្រាប់សិស្ស និងគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្តនៅក្នុងតំបន់អាស៊ាន។ នៅឆ្នាំនេះ យើងមានបំណងផ្តល់បទពិសោធន៍ពិសេសគួរឱ្យចងចាំមួយ។ ការចូលរួមដ៏ក្លៀវក្លារបស់ប្រទេសនីមួយៗនៅក្នុងកម្មវិធីបោះជំរុំសិស្ស និងសិក្ខាសាលាគ្រូ ពិតជាគួរឱ្យរំភើប។ យើងសូមថ្លែងអំណរគុណយ៉ាងស្មោះចំពោះប្រទេសអាស៊ានដែលបានបញ្ជូនប្រតិភូជាតិមកចូលរួមក្នុងកម្មវិធីទាំងនេះ»

ឯកឧត្តមបណ្ឌិត ញឹម ខេមរា បានបន្ថែមថា ខណៈដែលអ្នកចូលរួមកំពុងចាប់ផ្តើមកម្មវិធីរយៈពេល​ ៥ ថ្ងៃដើម្បី សិក្សាស្វែងយល់ផ្នែកវិទ្យាសាស្ត្រ អភិវឌ្ឍខ្លួនឯង និងបង្កើតមិត្តភាព ពួកគេគួរចងចាំទស្សនៈរបស់អ្នកជំនាញនវានុវត្តន៍ដ៏ល្បីមួយរូបគឺលោក Peter Drucker ដែលបានលើកឡើងថា “នវានុវត្តន៍មិនចាំបាច់ទាល់តែបង្កើតអ្វីដែលថ្មីនោះទេ ប៉ុន្តែក៏អាចជាការប្រើប្រាស់ចំណេះដឹង និងធនធានដែលយើងមានឱ្យកាន់តែប្រសើរផងដែរ។

សម្គាល់៖

អាស៊ានបូកបី មាន១៣ប្រទេស រួមមានប្រទេសជាសមាជិកអាស៊ានទាំង១០គឺ ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ​ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម រួម​នឹងប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង។ ក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ានបូកបីផ្តោតលើវិស័យផ្សេងៗ រួមទាំងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវប្បធម៌។

 

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព