ឯកឧត្តម ហែម វណ្ណឌី លើកទឹកចិត្តសហគ្រិនស្ត្រីឱ្យធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាពធុរកិច្ច

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី20 ខែ មីនា ឆ្នាំ 2025

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកទឹកចិត្តឱ្យសហគ្រិនស្ត្រីធ្វើជាគំរូក្នុងការលើកកម្ពស់សុចរិតភាព និងក្រមសីលធម៌ធុរកិច្ច ដែលជាមូលដ្ឋានគ្រឹះសម្រាប់ជោគជ័យអាជីវកម្មរយៈពេលវែង និងរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច។

ក្នុងជំនួបជាមួយតំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា៖​ "សុចរិតភាពគឺជាមូលដ្ឋានគ្រឹះនៃជោគជ័យអាជីវកម្មសម្រាប់រយៈពេលវែង។”

ឯកឧត្តមបានគូសរំលេចសារៈសំខាន់នៃការរៀបចំអាជីវកម្មផ្លូវការ ផ្តោតលើជំនាញទន់ ការលើកកម្ពស់
ផលិតភាព និងភាពអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិនានា។

តំណាងសមាគមសហគ្រិនស្ត្រីកម្ពុជា បានរាយការណ៍ថា បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៤៨៦ មានសាខាតាមរាជធានី-ខេត្តចំនួន ៥ និងមានគណៈកម្មាធិការចំនួន ១០ ដោយផ្តោតការកសាងសមត្ថភាព ការអភិវឌ្ឍអាជីវកម្ម ការតស៊ូមតិ និងនវានុវត្តន៍ទីផ្សារ។ តំណាងសមាគមក៏បានធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ត្ររបស់ខ្លួន និងបំណងរបស់សមាគមក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលធុរកិច្ចសកលនៅកម្ពុជា។

ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំសមាគមឱ្យសហការជាមួយមជ្ឈមណ្ឌលផលិតភាពជាតិកម្ពុជា និងសហ​គ្រិនខ្មែរ និងចូលរួមគំនិតផ្តួចផ្តើមនានារបស់ក្រសួង ដូចជាកម្មវិធីពានរង្វាន់ឧស្សាហកម្មបៃតង។ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យសមាគមរៀបចំដំណើរទស្សនកិច្ចទៅមជ្ឈមណ្ឌលកែច្នៃអាហារ ដែលក្រសួងនឹងដាក់ឱ្យដំណើរការនាពេលខាងមុខ ដើម្បីស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មចំណីអាហារ ដែលបំពេញតាមលក្ខខណ្ឌតម្រូវសម្រាប់ការនាំចេញទៅទីផ្សារប្រទេសកូរ៉េ។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព