សហគ្រិនខ្មែសម្រេចលទ្ធផលល្អប្រសើរសម្រាប់ឆ្នាំ២០២៤ និងផ្តោតទិសដៅការងារឆ្នាំ២០២៥ លើការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី05 ខែ កុម្ភៈ ឆ្នាំ 2025

ភ្នំពេញ, ថ្ងៃពុធ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ -  ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ​ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅ​យុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំនេះបានបង្ហាញវឌ្ឍនភាពសំខាន់ៗ ក្នុងការលើកស្ទួយប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។

នៅក្នុងឆ្នាំ២០២៤ សហគ្រិនខ្មែរ សម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន រួមមាន៖ 

·        កម្មវិធីសហគ្រិនមហាវិទ្យាល័យ (UniPreneur Program) និស្សិតប្រមាណ ១.០០០នាក់ មកពីសាកលវិទ្យាល័យចំនួន២៥នៅទូទាំងប្រទេស បានចូលរួមបង្ហាញគំនិតអាជីវកម្មរបស់ពួកគេ។

·        កម្មវិធីពានរង្វាន់សហគ្រិនខ្មែរ ឆ្នាំ២០២៤ បានជ្រើសរើស និងប្រគល់ពានរង្វាន់ដល់ជ័យលាភីចំនួន ១៤ ក្រុមហ៊ុន/ក្រុម​ ក្នុងចំណោមបេក្ខជនដាក់ពាក្យប្រមាណ ២.០០០នាក់

·        ទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពព្រឹត្តិការណ៍សំខាន់ប្រចាំឆ្នាំនេះបានប្រមូលផ្តុំសហគ្រិនជាច្រើនមកជួបជុំគ្នា និងមានអ្នកចូលរួមប្រមាណ ២០.០០០ នាក់ រួមទាំងសហគ្រិនកម្រិតវិទ្យាល័យ សហគ្រិនមហាវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី​ សហគ្រាសធុនតូចនិងមធ្យម និងអ្នកវិនិយោទាំងក្នុងនិងក្រៅប្រទេស ព្រមទាំងមានការតាំងបង្ហាញផលិតផល និងសេវា​​កម្មផងដែរ។

·       ការពង្រីកសហគ្រិនភាពក្នុងទីផ្សារសកល៖ សហគ្រិនខ្មែរបានគាំទ្រសហព័ន្ធស្រូវអង្ករកម្ពុជា ក្នុងការដឹកនាំក្រុមហ៊ុន នាំចេញអង្ករចំនួន ១២​ ចូលរួមតាំងពិព័រណ៍អន្តរជាតិ Salon International  de l'Alimentation (SIAL) Paris នៅប្រទេសបារាំង។ ក្នុង​ឆ្នាំ២០២៤​ កម្មវិធីតាំងពិព័រណ៍ម្ហូបអាហារអន្តរជាតិនេះ​ មានក្រុមហ៊ុនប្រមាណ ៧​.៨០០ ក្រុមហ៊ុន​មកពី​ ១៣០​ ប្រទេស​ បានមកចូលរួមតាំងពិព័រណ៍​ និងមានផលិតផលចំនួន ៤០០.០០០ ប្រភេទ​ ដែលរួមមានផលិត ផលចំណីអាហារ ភេសជ្ជៈ និងគ្រាប់ធុញ្ញជាតិ ហើយមានអ្នកចូលទស្សនាសរុបប្រមាណ ២៨៥.០០០ នាក់ មកពីប្រមាណ ២០០ ប្រទេស។

ឯកឧត្ដម ហែម វណ្ណឌី បានលើកឡើងថា៖ "លទ្ធផលក្នុងឆ្នាំ២០២៤ បង្ហាញពីភាពរឹងមាំ និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រិនខ្មែរ ដែលដើរតួយ៉ាងសំខាន់ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។ សម្រាប់ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញបច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ នេះជាឆ្នាំដ៏សំខាន់សម្រាប់ សហគ្រិនខ្មែរ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្នសហគ្រិនខ្មែរ នឹងបំពេញភារកិច្ចជាយុទ្ធសាស្ត្របន្ថែមទៀត ជាកាតាលីករ ជាអ្នកលើកស្ទួយ និងជាអ្នកសម្របសម្រួលក្នុងការអភិវឌ្ឍអនុវិស័យសំខាន់ៗនៃសេដ្ឋកិច្ចដែលជាអាទិភាពគន្លឹះ។"

នៅក្នុងកិច្ចប្រជុំនេះ ក្រុមប្រឹក្សាបរធនបាលបានបង្ហាញការបន្តគាំទ្រចក្ខុវិស័យរបស់សហគ្រិនខ្មែរ ក្នុងការរួមចំណែកកសាងប្រព័ន្ធនវានុវត្តន៍ ជំរុញកំណើនធុរកិច្ច និងលើកកម្ពស់ភាពជាដៃគូជាមួយដៃគូ​អភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ធុរកិច្ចបង្កើតថ្មី និងសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា

គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរបានផ្តល់ជំនួយថវិកាគាំទ្រដល់សហគ្រិនចំនួន ៩០៧ នាក់ ​តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។ លើសពីនេះ សហគ្រិនខ្មែរក៏បានផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យមជាច្រើននៅកម្ពុជា ដែលផ្តល់លទ្ធភាពឱ្យអ្នកទទួលផលទាំងនោះទាក់ទាញហិរញ្ញប្បទានខាងក្រៅបន្ថែម ដែលក្នុងនោះរួមមាន​ហិរញ្ញប្បទានវិនិយោគប្រមាណ ២៥.២ លានដុល្លារ និងកម្ចីប្រមាណ ១២.៣ លានដុល្លារ ចាប់តាំងពីឆ្នាំ ២០២០ មក។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព