គណៈកម្មការទី៩ព្រឹទ្ធសភា ទទួលសវនាការស្តីពីសមិទ្ធផល និងទិសដៅការងាររបស់ក្រសួងឧស្សាហកម្ម

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃព្រហស្បតិ៍, ទី06 ខែ កុម្ភៈ ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មាធិការទី៩ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយឯកឧត្តម អ៊ុំ សារឹទ្ធ បានទទួលសវនាការស្តីពីសមិទ្ធផលការងារឆ្នាំ២០២៤ បញ្ហាប្រឈម និងទិសដៅអនាគតរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

នៅក្នុងជំនួបសវនាការនេះ ឯកឧត្តម ហែម វណ្ណឌី បានជម្រាបជូនពីវឌ្ឍនភាពនៃអាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង រួមទាំងការអភិវឌ្ឍឧស្សាហកម្ម, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម, ការពង្រីកសេវាទឹកស្អាត, ការវិវត្តផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, និងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិរបស់កម្ពុជា។ ឯកឧត្តមក៏បានរំលេចពីកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យស្របតាមគោលដៅសង្គម-សេដ្ឋកិច្ច និងចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ផងដែរ។

ឯកឧត្តម អ៊ុំ សារិទ្ធ បានកោតសរសើរចំពោះសមិទ្ធផលការងាររបស់ក្រសួង ដោយលើកឡើងថា គណៈកម្មាធិការទី៩ព្រឹទ្ធសភា តែងចុះប្រមូលព័ត៌មាន និងតាមដានវឌ្ឍនភាពនៅតាមមូលដ្ឋានឧស្សាហកម្មនានានៅក្នុងប្រទេស។ ឯកឧត្តមបាន​ថ្លែង​អំណរគុណ​ចំពោះក្រសួង ដែលបានរៀបចំសវនាការនេះ ព្រមទាំងផ្តល់ព័ត៌មាន និងបច្ចុប្បន្នភាព​ដោយផ្ទាល់​ដល់គណៈកម្មាធិការទី៩។

គណៈប្រតិភូបានបង្ហាញចំណាប់អារម្មណ៍ពិសេសលើការងារស្តង់ដារនីយកម្ម ដើម្បីជំរុញឧស្សាហកម្មក្នុងស្រុក និងលើកកម្ពស់សុវត្ថិភាពរបស់អ្នកប្រើប្រាស់។ គណៈប្រតិភូក៏បានលើកសំណួរមួយចំនួនទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ជាពិសេសនិរន្តរភាពនៃការប្រើប្រាស់ប្រភពទឹកក្រោមដី វិធានការក្នុងការសន្សំសំចៃទឹក និងកង្វល់ចំពោះសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។

គណៈប្រតិភូបានទទួលស្គាល់អាណត្តិកិច្ចដ៏ទូលំទូលាយរបស់ក្រសួង និងលើកឡើងថាទំនួលខុសត្រូវទាំងនេះទាមទារឱ្យក្រសួងមានមន្ត្រីរាជការដែលជាអ្នកវិទ្យាសាស្ត្រ និងអ្នកជំនាញបច្ចេកទេសឱ្យបានច្រើន។

ជំនួបសវនាការនេះបង្ហាញពីតួនាទីត្រួតពិនិត្យដ៏សំខាន់នៃអង្គនីតិបញ្ញត្តិ ក្នុងការធានាថា ក្រសួង-ស្ថាប័នអនុវត្តច្បាប់ បទប្បញ្ញត្តិ និងគោលនយោបាយជាតិប្រកបដោយប្រសិទ្ធភាព ទន្ទឹមនឹងនោះលើកកម្ពស់គណនេយ្យភាពរដ្ឋាភិបាល និងគាំទ្រដំណើរការតាមបែបប្រជាធិបតេយ្យដែលមានតុល្យភាពមួយនៅកម្ពុជា។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព