ធនាការអភិវឌ្ឍន៍អាស៊ីបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យទឹកស្អាត និងកសាងភាពធន់នឹង​បញ្ហាអាកាសធាតុរបស់កម្ពុជា

ធនាការអភិវឌ្ឍន៍អាស៊ីបញ្ជាក់ការប្តេជ្ញាចិត្តក្នុងការគាំទ្រវិស័យទឹកស្អាត និងកសាងភាពធន់នឹង​បញ្ហាអាកាសធាតុរបស់កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន​ក្នុងការគាំទ្រដល់វិស័យ​ទឹក​ស្អាត​នៅកម្ពុជា។

ក្នុងជំនួបសម្តែងការគួរសមជាមួយ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី ដឹកនាំ​ដោយលោកស្រី Jyotsana Varma នាយកប្រចាំប្រទេស បានសង្កត់ធ្ងន់ថា ទឹកគឺជាកូនសោគន្លឹះ​ក្នុង​ការ​កសាងភាពធន់របស់កម្ពុជា ហើយធនាគារអភិវឌ្ឍន៍អាស៊ីនឹងបន្តផ្តល់អាទិភាពដល់វិស័យទឹកស្អាត និង​ការ​អភិវឌ្ឍតំបន់ប្រជុំជននៅកម្ពុជា។

ជាការឆ្លើយតប ឯកឧត្តម រដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានបន្តធ្វើដៃគូ​ដ៏គួរ​ឱ្យទុកចិត្ត​របស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់កំណើនប្រកបដោយបរិយាប័ន្ន និងនិរន្តរភាព ការកាត់បន្ថយ​ភាពក្រីក្រ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ ធនាគារអភិវឌ្ឍន៍​អាស៊ីក៏ជា​ដៃគូ​ដ៏​សំខាន់របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងការអភិវឌ្ឍវិស័យទឹក​ស្អាត​ផងដែរ។

«ក្នុងអាណត្តិកន្លងមក យើងផ្ដោតខ្លាំងទៅលើការកសាងហេដ្ឋារចនាសម្ព័ន្ធ រួមទាំងហេដ្ឋារចនាសម្ព័ន្ធ​វិស័យទឹកស្អាត។ ក្នុងអាណត្តិនេះ យើងក៏ត្រូវផ្តោតទៅលើការប្រើប្រាស់ធនធានទាំងនោះ ដោយធ្វើយ៉ាងណាឱ្យមាននិរន្តរភាព និងប្រសិទ្ធិភាពបំផុតផងដែរ»

ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយ និងយន្តការជាច្រើន ដើម្បីកំណត់​អាទិភាព និងការវិនិយោគលើវិស័យទឹកស្អាត។ កិច្ចសហការ និងការសម្របសម្រួលប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុងចំណោមភាគីពាក់ព័ន្ធនឹងវិស័យទឹកស្អាត មានសារៈសំខាន់ ដើម្បីធានាការរៀបចំ​ផែនការអភិវឌ្ឍន៍វិស័យទឹកស្អាតឱ្យបានគ្រប់ជ្រុងជ្រោយ ប្រកបដោយនិរន្តរភាព និងភាពធន់ ក្នុងស្ថានភាពនៃការប្រែប្រួលអាកាសធាតុ។

បច្ចុប្បន្ន ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កំពុងសហការជាមួយស្ថាប័នរដ្ឋ និងដៃគូអភិវឌ្ឍន៍នានា ដូចជាធនាការអភិវឌ្ឍន៍អាស៊ី ដើម្បីរៀបចំ និងអនុវត្តយុទ្ធសាស្ត្រពន្លឿនសេវាផ្គត់​ផ្តង់​ទឹក​ស្អាតដល់ប្រជាជនកម្ពុជា និងពន្លឿនការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយ​ចីរភាព​ទី៦ ស្តីពីទឹកស្អាត និងអនាម័យ (SDG 6) នៅត្រឹមឆ្នាំ ២០៣០។

គណៈប្រតិភូធនាការអភិវឌ្ឍន៍អាស៊ី បានបង្ហាញទំនុកចិត្តក្នុងការសហការជាមួយក្រសួង និងសន្យាផ្តល់ ជំនួយបច្ចេកទេស ដើម្បីគាំទ្រ​ដល់​ការអភិវឌ្ឍយុទ្ធសាស្ត្រកំណែទម្រង់វិស័យទឹកស្អាតនេះ។