ឯកឧត្តម ឯក សុនចាន់ ផ្តល់បាឋកថាស្តីពីដំណើរឆ្ពោះទៅភាពជោគជ័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ឯកឧត្តម ឯក សុនចាន់ ផ្តល់បាឋកថាស្តីពីដំណើរឆ្ពោះទៅភាពជោគជ័យរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ជាឥស្សរជនដែលលេចធ្លោក្នុងវិស័យទឹកស្អាត ឯកឧត្តម ឯក សុនចាន់ បានចូលរួមផ្តល់បាឋកថាដ៏ទាក់ទាញ ដោយរំលេច​នូវការ​ខិត​ខំ និងវេទនារម្មណ៍ផ្ទាល់ខ្លួន ជូនដល់ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ នៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ក្រោមអធិបតីភាព ឯកឧត្តមរដ្ឋមន្ត្រី ហែម វណ្ណឌី និង​មានការចូលរួមដោយផ្ទាល់ និង​តាមប្រព័ន្ធអនឡាញ ពីថ្នាក់​ដឹក​នាំ និងមន្ត្រីរាជការរបស់ក្រសួងប្រមាណ៣០០នាក់ បាឋកថានេះផ្តោតលើកត្តា​ជោគជ័យ​ និង​ភាពជាអ្នកដឹក​នាំ​ក្នុងវិស័យទឹកស្អាត។

ក្នុងកម្មវិធីនេះ ឯកឧត្តម ឯក សុនចាន់ បានចែករំលែកអំពីដំណើរ និងរបត់សំខាន់ៗរបស់រដ្ឋាករទឹក​ស្វយ័តក្រុង​ភ្នំ​ពេញ ដែលបានហែលឆ្លងបញ្ហាជាច្រើន ខ្លះគួរឱ្យតក់ស្លុត ព្រមទាំងសមិទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមបាន​រំលឹក​​​​ពីប្រវត្តិដ៏ច្របូកច្របល់ រួមមានការលេចធ្លាយទឹក បុគ្គលិកមិនមានទឹកចិត្តធ្វើការ បញ្ហាហេដ្ឋា​រចនា​សម្ព័ន្ធ និងបណ្តាញចែកចាយទឹកខ្វះខាត និងទ្រុឌទ្រោមខ្លាំង។

ចេញពីអតីតកាលដ៏លំបាកដែលញាំញីដោយភាពអប្រសិទ្ធភាព រដ្ឋាករទឹកស្វយ័ត​ក្រុង​ភ្នំពេញបានរើបម្រាសខ្លួនទៅរកឧត្តមភាពក្នុងវិស័យទឹកស្អាត ដែលត្រូវបានទទួលស្គាល់នៅទូទាំងពិភពលោក។ ឯកឧត្តមបានលើកឡើងថា តាម​​រយៈ​ភាពជាដៃគូយុទ្ធសាស្ត្រ​ជា​មួយ​ទីភ្នាក់ងារអភិវឌ្ឍន៍នានា និងការប្តេជ្ញា​ចិត្តយ៉ាង​ខ្ជាប់​ខ្ជួនក្នុងការកែទម្រង់ ស្ថាប័ននេះសម្រេចបាននូវការ​ផ្លាស់​ប្តូរដ៏ជ្រាលជ្រៅ។

បាឋកថានេះក៏បង្ហាញពីផលនៃដំណើរវិវត្តិរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញចំពោះវិស័យទឹកស្អាតទាំងមូល ។

រឿងរ៉ាវអំពីភាពធន់របស់ស្ថាប័ន ភាពជាអ្នកដឹកនាំដែលមានចក្ខុ​វិស័យច្បាស់លាស់ និងអភិបាលកិច្ចប្រក​បដោយ​ប្រសិទ្ធភាពដែល ឯកឧត្តម ឯក សុនចាន់ បានចែករំលែក បានផ្តល់នូវការយល់ដឹងដ៏កម្រ និងមានតម្លៃសម្រាប់​ភាគី​ដែលពាក់ព័ន្ធ​ក្នុងការជំរុញលទ្ធភាពទទួលបាន និងនិរន្តរភាពវិស័យទឹកស្អាត។

ផ្តើមពីអាជីពជាគ្រូបង្រៀនរូបវិទ្យា រហូតជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងបច្ចុប្បន្នជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ឯកឧត្តម ឯក សុនចាន់ បានបង្ហាញភាពជាអ្នកដឹកនាំដ៏អស្ចារ្យក្នុងការលើក​កម្ពស់គុណ​ភាព និងលទ្ធ​ភាព​ទទួលបានសេវាទឹកស្អាត។ សមិទ្ធផលការងារសំខាន់របស់ឯកឧត្តមបាននាំមកនូវពានរង្វាន់​ជា​ច្រើន រួមទាំងពានរង្វាន់អ្នកគ្រប់គ្រងល្អប្រចាំឆ្នាំ២០០២ និងឆ្នាំ២០០៤ ពានរង្វាន់ទឹកស្អាតរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ឆ្នាំ២០០៤ ដែលបង្កើនកិត្តិនាមរបស់ឯកឧត្តម ជា​អ្នកដឹកនាំជំនាញ​ក្នុង​វិស័យទឹកស្អាត។