ក្រសួងឧស្សាហកម្ម វបន និងធនាគារ វីង ពង្រឹកកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍

ក្រសួងឧស្សាហកម្ម វបន និងធនាគារ វីង ពង្រឹកកិច្ចសហការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបគណៈ ប្រតិ​ភូធនាគារ វីង ដឹកនាំដោយនាយកប្រតិបត្តិ លោក Manu Rajan នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ និង​បាន​​ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យា និងនវានុវត្តន៍។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរចំពោះវឌ្ឍនភាពរបស់វីង ដោយលើកឡើងថា បច្ចេកវិទ្យា និង​នវានុវត្តន៍ជាកត្តា​សំខាន់​ដែលបានជំរុញក្រុមហ៊ុនឱ្យឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ។

លោក Manu Rajan បានស្នើឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការរវាង វីង និងក្រសួង ដែលសំណើនេះត្រូវ​បាន​ស្វាគមន៍ដោយឯកឧត្តមរដ្ឋមន្ត្រី។ លោកនាយកប្រតិបត្តិបានជម្រាបជូនពីសាវតារបស់ វីង ដែលចាប់ផ្តើមជាសេវា ផ្ទេរប្រាក់​ក្នុងឆ្នាំ​២០០៩ និងបាន​វិវត្តន៍ជាក្រុមហ៊ុនឈានមុខ លើបរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើនផ្នែកបច្ចេក​វិទ្យា។

លោកបានគូសបញ្ជាក់ថា កម្ពុជាគឺជាករណីជោគជ័យមួយ នៅក្នុងទិដ្ឋភាពបរិយាបន្នហិរញ្ញវត្ថុសាកល និងថា​ការរីកចម្រើនផ្នែកបច្ចេកវិទ្យា ពិសេសសេវាធនាគារចល័ត (Mobile Banking) បានរួមចំណែកដល់ការរីកចំរើននៃសេដ្ឋ​កិច្ច​​។ លោកក៏បាន​ជម្រាប​ជូនអំពីផលប័ត្រជាច្រើនរបស់ វីង ដែលរួមបញ្ចូលទាំងផលប័ត្រហិរញ្ញវត្ថុ រហូតដល់​ភស្តុភារ និងពាណិជ្ជកម្ម​តាមប្រព័ន្ធ​អ៊ីនធើណិត​។

លោក Rajan បានលើកឡើងពីតួនាទីរបស់ វីង ក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩ ដោយក្រុមហ៊ុនបានប្រើ​បណ្តាញ​ភ្នាក់​​ងារវីង​ចំនួន១១,០០០ទូទាំងប្រទេស ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅតំបន់ជនបទ ក្នុងការ​ដក​ជំនួយសាច់ប្រាក់របស់រាជរដ្ឋាភិបាល និងធានា​បានថា ជំនួយសាច់ប្រាក់ទាំងនោះបានទៅដល់ដៃ​ពលរដ្ឋ​ភ្លាមៗ។

ដោយឆ្លុះបញ្ចាំងការរីកចម្រើនរបស់ វីង ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តអភិវឌ្ឍ និងនាំយកបច្ចេកវិទ្យា​ថ្មីៗបន្ថែម​ទៀត ជាពិសេស​បច្ចេកវិទ្យាដែលគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យមក្នុងស្រុក។

ឯកឧត្តមក៏បានជម្រាបជូន​អំពីទិវាជាតិ​វិទ្យាសាស្ត្រ បច្ចេក​វិទ្យា និងនវានុវត្តន៍ ដែលក្រសួងនឹងរៀបចំនៅថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ និង​លើកឡើង​ថា ប្រធានបទឆ្នាំនេះគឺ «សហគ្រាសធុនតូច និងមធ្យមឆ្ពោះទៅ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» មាន​គោល​ដៅ​បំផុសចលនាឱ្យសហគ្រាសធុនតូច និងមធ្យម ស្វែងយល់ពី​បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលនឹងបង្កើន​ផលិតកម្ម និងលើកកម្ពស់ផលិតភាពសហគ្រាសរបស់ពួកគេ។

លោក Rajan បានបញ្ជាក់ចំណាប់អារម្មណ៍របស់ វីង ក្នុងការសហការជាមួយក្រសួង ដើម្បីបង្ហាញដំណោះស្រាយ​នវានុវត្តន៍ ​នៅក្នុងទិវាជាតិនាពេលខាងមុខនេះ ព្រមទាំងបង្ហាញពីការប្តេជ្ញាចិត្តរបស់ វីង ក្នុងការចូលរួមអភិវឌ្ឍផ្នែកបច្ចេកវិទ្យា និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។