មជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បន្តជំរុញនវានុវត្តន៍ និងកិច្ចសហប្រតិបត្តិការឆ្លងព្រំដែន

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃពុធ, ទី02 ខែ តុលា ឆ្នាំ 2024

សិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥ ស្តីពីមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន​ ត្រូវបានរៀបចំឡើងនៅថ្ងៃទី១​ ខែតុលា ឆ្នាំ២០២៤ ក្នុងក្រុងព្រះសីហនុ ក្នុងគោលដៅពង្រឹងកិច្ចខិតខំប្រឹងប្រែងនៃការបង្កើតមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន (ASEAN TMH)

សិក្ខាសាលានេះត្រូវបានដឹកនាំរៀបចំដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងបានប្រ​មូល​ផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដែលតំណាងសាកលវិទ្យាល័យ ធុរកិច្ចបង្កើតថ្មី នវានុវត្តន៍ករ វិស័យឯកជន និងការិយា​ល័យផ្ទេរបច្ចេកវិទ្យាក្នុងគ្រប់បណ្តាប្រទេសជាសមាជិកអាស៊ាន ដើម្បីជំរុញការអភិវឌ្ឍថ្នាលឌីជីលលនៃមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន ដែលជាគំនិតផ្តួចផ្តើមដំបូងបំផុតក្នុងគោលបំណងផ្សារភ្ជាប់ការស្រាវជ្រាវ​ពីសាកលវិទ្យាល័យទៅវិស័យឯកជន ដើម្បីពន្លឿននវានុវត្តន៍ និងជំរុញការផ្ទេរបច្ចេកវិទ្យានៅទូទាំងតំបន់។

មជ្ឈមណ្ឌលនេះមានគោលបំណងភ្ជាប់ប្រព័ន្ធផ្ទេរបច្ចេកវិទ្យាជាតិក្នុងតំបន់អាស៊ាន ដើម្បីប្រែក្លាយគំនិតនវានុវត្តន៍ឱ្យទៅជាដំណោះស្រាយដែលអាចអនុវត្តបានសម្រាប់បញ្ហាប្រឈមសំខាន់ៗ រួមទាំងបរិវត្តកម្មឧស្សាហកម្ម សន្តិសុខស្បៀង និងបញ្ហាសុខភាព ជំងឺរាតត្បាត វិសមភាពសេដ្ឋកិច្ច និងវិបត្តិអាកាសធាតុជាដើម។

នៅក្នុងសុន្ទរកថាបើកសិក្ខាសាលា ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង ប្រធានគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ASEAN COSTI) និងជាអនុរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា មជ្ឈមណ្ឌល ASEAN TMH មានសារៈសំខាន់ និងផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់​​​​​​​​​​​តំបន់។

ឯកឧត្តមបានបន្ថែមថា៖​ រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយរដ្ឋសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហារួម ដោយផ្ដោតលើការប្រើប្រាស់សក្តានុពលនៃវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ គំនិតផ្តួចផ្តើមទាំងនេះស្របតាមផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០១៥-២០២៥ និងផែនទីផ្លូវវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា ឆ្នាំ២០៣០។

ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ កម្ពុជា និង​ឥណ្ឌូណេស៊ី​បាន​ដឹកនាំ​គម្រោងមជ្ឈមណ្ឌល ASEAN TMH ដោយបានរៀបចំសិក្ខាសាលា​ជា​ច្រើននៅ​ក្នុង​ប្រទេស​ទាំង​ពីរ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះបានសម្រេចនូវការរៀបចំបញ្ចប់ឯកសារទស្សនទាន ការរៀបចំស្ថាប័ន និងការបង្កើតគំរូសម្រាប់ថ្នាលមជ្ឈមណ្ឌល ASEAN TMH

នៅក្នុងតំបន់អាស៊ាន រដ្ឋជាសមាជិកនីមួយៗ កន្លងមក អនុវត្តយន្តការផ្សេងៗគ្នាសម្រាប់ការផ្ទេរបច្ចេកវិទ្យា ដែលជាឧបសគ្គសម្រាប់កិច្ចសហប្រតិបត្តិការឆ្លងព្រំដែន។ ធុរកិច្ចបង្កើតថ្មីនៅអាស៊ានត្រឹមតែ១៥%ប៉ុណ្ណោះ បានពង្រីកវិសាលភាពរបស់ខ្លួនលើសពីទីផ្សារក្នុងស្រុក។ ដូច្នេះ ការសម្របសម្រួលក្នុងតំបន់មានភាពចាំបាច់ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនវានុវត្តន៍ និងការធ្វើពាណិជ្ជកម្ម​បន្ថែម។ ភាពជាដៃគូអាស៊ាន-សហភាពអឺរ៉ុប បានជំរុញគំនិតផ្តួចផ្តើមបង្កើតមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាននេះ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ដោយប្រមូលផ្តុំ និងពង្រឹង​ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ក្នុងតំបន់។

ជាក់ស្តែង ពីខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែឧសភា ឆ្នាំ២០២៤ សិក្ខាសាលាមជ្ឈមណ្ឌលគ្រប់​គ្រង​បច្ចេកវិទ្យាអាស៊ាន ចំនួន៤លើក ត្រូវបានរៀបចំឡើង ដោយបង្កើនការឯកភាពក្នុងតំបន់ កំណត់សុពលភាពឯកសារទស្សនទាន និងបង្កើតគំរូនៃថ្នាលឌីជីល។ សិក្ខាសាលាលើកទី៥នេះ នឹងពង្រឹងកិច្ចខិតខំប្រឹងប្រែងទាំងនេះ ព្រមទាំងប្រមូលមតិកែលម្អសំខាន់ៗសម្រាប់ការអភិវឌ្ឍបន្ត រួមទាំងការបញ្ជាក់សុពលភាពនៃការការពារកម្មសិទ្ធិបញ្ញា និងការគាំទ្រក្រោយការផ្គូរផ្គងសម្រាប់ការផ្ទេរបច្ចេកវិទ្យា។​

ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះវឌ្ឍនភាពរបស់អាស៊ានក្នុងការអភិវឌ្ឍមជ្ឈមណ្ឌល ASEAN TMH ដោយសង្កត់ធ្ងន់លើអត្ថប្រយោជន៍ទៅវិញទៅមកនៃការផ្លាស់ប្តូរបច្ចេកវិទ្យារវាងអឺរ៉ុប និងអាស៊ាន។ ឯកឧត្តមបានលើកឡើង​ថា៖ យើង​ទទួល​ស្គាល់​ថា ​ភាព​ជា​ដៃ​គូ​របស់​យើង​មិនស្ថិតនៅត្រឹមតែការ​សន្ទនា​ប៉ុណ្ណោះទេ តែជាមូលដ្ឋានគ្រឹះក្នុងការបង្កើតឱកាសជាក់ស្តែងដែលជំរុញនវានុវត្តន៍នៅទូទាំងតំបន់ និងដោះស្រាយបញ្ហាប្រឈមជាសកល ដូចជាការប្រែប្រួលអាកាសធាតុ សន្តិសុខស្បៀង និងវិសមភាពសេដ្ឋកិច្ច។

គំនិតផ្តួចផ្តើមសំខាន់ៗរបស់សហភាពអឺរ៉ុបបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតគំរូថ្នាលឌីជីថល សម្រាប់មជ្ឈ​មណ្ឌល​ ASEAN TMH ។ គម្រោង EURAXESS ASEAN គម្រោងមូលនិធិរួម អាស៊ាន-អឺរ៉ុប សម្រាប់ការស្រាវ​ជ្រាវ និងនវានុវត្តន៍ គម្រោង EISMEA មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យា ព្រមទាំងការចូលរួមរបស់មជ្ឈមណ្ឌល SAIRA បានជំរុញឱកាសសម្រាប់កិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ។

លោកស្រីបណ្ឌិត Zurina Moktar ប្រធានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅលេខាធិការដ្ឋានអាស៊ាន បានលើកទឹកចិត្តភាគីពាក់ព័ន្ធទាំងអស់ឱ្យទទួលស្គាល់មជ្ឈមណ្ឌល ASEAN TMH ជាផ្នែកមួយដ៏សំខាន់នៅក្នុងដំណើរនវានុវត្តន៍របស់តំបន់។ លោកស្រីបានលើកឡើងថា៖ វេទិកានេះគួរតែដើរតួជាសសរស្តម្ភដ៏សំខាន់មួយនៃប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍របស់អាស៊ាន ស្របតាមគោលដៅដែលមានចែងក្នុងសេចក្តីព្រាងផែនការយុទ្ធសាស្រ្តសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ ២០២៦-២០៣០



សិក្ខាសាលាជាស៊េរី នៃមជ្ឈមណ្ឌលគ្រប់គ្រងបច្ចេកវិទ្យាអាស៊ាន បានអនុវត្តវិធីសាស្រ្តភាពជាដៃគូ ក្នុងនោះសិក្ខាសាលាកន្លងមក ត្រូវបានសហការដឹកនាំដោយទីភ្នាក់ងារស្រាវជ្រាវ និងនវានុវត្តន៍ជាតិឥណ្ឌូនេស៊ី (
BRIN) និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ ដៃគូនានា ដូចជា E-READI អគ្គនាយកដ្ឋានស្រាវជ្រាវ និងនវានុវត្តន៍របស់គណៈកម្មការអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ានផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា បានផ្តល់ការគាំទ្រ ដោយបញ្ជាក់ពីការប្តេជ្ញាចិត្តរួម ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ដ៏រឹងមាំមួយសម្រាប់តំបន់។

លទ្ធផលនៃសិក្ខាសាលាសហភាពអឺរ៉ុប-អាស៊ានលើកទី៥នេះ នឹងត្រូវយកទៅប្រើប្រាស់សម្រាប់ការរៀបចំគំរូមជ្ឈមណ្ឌល ASEAN TMH ដែលគ្រោងនឹងបង្ហាញជូនគណៈកម្មាធិការអាស៊ានផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទី៨៦ (COSTI-86) នៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី៧-១១ ខែតុលា ឆ្នាំ២០២៤។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព