ឯកឧត្តម ហែម វណ្ណឌី កោតសរសើរសមិទ្ធផលរបស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា និងជំរុញពង្រីកសេវាទឹកស្អាតសម្រាប់អ្នកប្រើប្រាស់ និងឧស្សាហកម្ម

ព័ត៌មាន និងព្រឹត្តិការណ៍ ថ្ងៃសុក្រ, ទី14 ខែ មីនា ឆ្នាំ 2025

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងសន្និបាតប្រចាំឆ្នាំលើកទី១៣ របស់សមាគមអ្នកផ្គត់ផ្គង់ទឹកស្អាតកម្ពុជា (CWA) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន កម្មវិធី CAPRED ស្ថានទូតអូស្ត្រាលី ប្រតិបត្តិករទឹកស្អាត និងភាគីពាក់ព័ន្ធសរុបប្រមាណ ៣៥០នាក់។

នៅក្នុងសុន្ទរកថាបើអង្គសន្និបាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងពីតួនាទីសំខាន់នៃសេវាទឹកស្អាតសម្រាប់សុខភាពសាធារណៈ និងជំរុញកំណើនសេដ្ឋកិច្ច។ ឯកឧត្តមបានសង្កត់ធ្ងន់លើភាពចាំបាច់នៃកិច្ចសហការជិតស្និទ្ធរវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួង-ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានហិរញ្ញវត្ថុ ប្រតិបត្តិករទឹកស្អាត និងអ្នកប្រើប្រាស់ ក្នុងកិច្ចខិតខំពង្រីកសេវាទឹកស្អាត សម្រាប់ទាំងការប្រើប្រាស់ប្រចាំថ្ងៃផង និងសម្រាប់គាំទ្រសកម្មភាពពាណិជ្ជកម្ម ផលិតកម្ម និងសេវាកម្ម ពិសេសក្នុងតំបន់សេដ្ឋកិច្ចពិសេស សួនឧស្សាហកម្ម និងតំបន់ទេសចរណ៍ជាដើម។

វិស័យឯកជនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់នៃក្នុងការអភិវឌ្ឍវិស័យទឹកស្អាតនៅកម្ពុជា។ បច្ចុប្បន្ន ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៤៥៤ ស្ថាប័ន កំពុងផ្តល់សេវាទឹកស្អាតនៅទូទាំងប្រទេស ដោយគ្របដណ្តប់ប្រមាណ ៥៥% នៃតំណសរុបចំនួនប្រមាណ ១,៤ លានតំណ។ ក្នុងឆ្នាំ២០២៤ ប្រតិបត្តិករទឹកស្អាតឯកជន និងរដ្ឋាករទឹកសាធារណៈ បានបង្កើនតំណទឹកស្អាតសម្រាប់មូលដ្ឋានអាជីវកម្ម និងប្រជាពលរដ្ឋចំនួន ១៣៣.១០៣ តំណ។

ការពង្រឹងការគ្រប់គ្រង និងជំរុញការអភិវឌ្ឍវិស័យទឹកស្អាត គឺជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តទាំង​៧ ដែលក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍  បានប្រកាសដាក់ចេញ នៅក្នុងសន្និ​បាត​បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ខ្លួន។

 

ឯកឧត្តម ហែម វណ្ណឌី ​បាន​ជំរុញ​ឱ្យ​ប្រតិបត្តិករ​ទឹក​ស្អាតទាំងអស់ ត្រៀមលក្ខណៈបុរេសកម្ម ដើម្បីទប់ស្កាត់បញ្ហាខ្វះទឹកជាយថាហេតុ ដោយលើកឡើងថា៖ "កម្ពុជា ក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោក បច្ចុប្បន្ន កំពុងរងផលវិបាកកើនឡើងពី១ឆ្នាំ ទៅ ១ឆ្នាំ បណ្តាលមកពីបម្រែបម្រួលអាកាសធាតុ ដែលនឹងប៉ះពាល់ដោយផ្ទាល់ដល់ប្រភពទឹក និងដល់អាជីវកម្មផ្គត់ផ្គង់ទឹកស្អាត។”

ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យមានការចែករំលែកចំណេះដឹង បទពិសោធន៍ បច្ចេកវិទ្យាថ្មីៗបន្ថែមទៀតក្នុងចំណោមប្រតិបត្តិករឯកជន និងរដ្ឋាករទឹកសាធារណៈ ដើម្បីបង្កើនប្រសិទ្ធិភាពប្រតិបត្តិការ ធានាបាននូវភាពជឿជាក់នៃសេវាកម្ម ការអនុលោមតាមបទប្បញ្ញត្តិ និងការពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតប្រកបដោយនិរន្តរភាពនៅទូទាំងប្រទេស។

ដោយ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍

ព័ត៌មានទាក់ទង

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

location_on ៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣

© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍

    • telegram
    • tiktok
    • instagram
    • chatbot
    គោលការណ៍​ឯកជនភាព