នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួបតំណាងធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) ដឹកនាំដោយលោកនាយកប្រតិបត្តិ ឌិត សុចល ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការ ជាពិសេសការធ្វើជាភ្នាក់ងារទូទាត់សេវាសាធារណៈរបស់ក្រសួង, ការគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងការផ្តល់ហិរញ្ញប្បទានដល់ប្រតិបត្តិករទឹកស្អាតឯកជន។
លោក ឌិត សុចល បានជម្រាបជូនពីវឌ្ឍនភាពរបស់ធនាគារ រួមទាំងទ្រព្យសកម្មសរុបចំនួន ២,២ ពាន់លានដុល្លារ និងមានសាខាចំនួន ២៣ នៅទូទាំងប្រទេស ដោយគ្រោងនឹងពង្រីកសាខាពីរទីតាំងទៀតនាពេលដ៏ខ្លីខាងមុខ។ បច្ចុប្បន្ន ធនាគារ FTB មានបុគ្គលិកប្រមាណ ៧៧០ នាក់ និងបានរួមចំណែកសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម។ សម្រាប់វិស័យទឹកស្អាត ធនាគារបានផ្តល់កម្ចីចំនួន ១៥ លានដុល្លារសម្រាប់ប្រតិបត្តិករទឹកស្អាតឯកជនចំនួន ៣១ ក្រុមហ៊ុន តាមរយៈកម្មវិធីហិរញ្ញប្បទានពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD) ។ បន្ទាប់ពីជោគជ័យនៃកម្មវិធីនេះ កម្មវិធីឥណទានជុំទីពីរចំនួន ២០ លានដុល្លារពី Proparco បានគាំទ្រប្រតិបត្តិករចំនួន ១០ ក្រុមហ៊ុន បន្ថែមទៀតរហូតមកដល់ពេលនេះ។
ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យធនាគារ FTB បន្តគាំទ្រសហគ្រាសធុនតូចនិងមធ្យម និងប្រតិបត្តិករទឹកស្អាតឯកជន ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃវិស័យទឹកស្អាតសម្រាប់ទាំងសុខភាពសាធារណៈផង និងសម្រាប់កំណើនអាជីវកម្ម និងឧស្សាហកម្មផង។ ឯកឧត្តមបានលើកទឹកចិត្តធនាគារឱ្យពិចារណាលក្ខខណ្ឌផ្តល់ប្រាក់កម្ចីដែលមានភាពបត់បែន, ផ្តល់អត្រាការប្រាក់ទាបសម្រាប់វិស័យដែលមានហានិភ័យទាបដូចជាវិស័យទឹកស្អាត និងប្រើប្រាស់យន្តការគាំទ្រ ដូចជាសាជីវកម្មធានាឥណទានកម្ពុជា (CGCC) ដើម្បីពង្រីកលទ្ធភាពផ្តល់ហិរញ្ញប្បទានបានកាន់តែច្រើន។
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
៤៥ មហាវិថីព្រះនរោត្តម សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ១២០២០៣
© 2024 រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍